
១. សួរដេញដោលពីអតីតមិត្តស្រី៖ថ្វីត្បិតតែអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាយូររហូតដល់ស្គាល់ចិត្តថ្លើមគ្នាក៏ដោយ ក្នុងនាមអ្នកជាមិត្តស្រីល្អ មិនគួរសួរបុរសជាទីស្រលាញ់ពីអតីតកាលមិត្តស្រីឡើយ។ ការនិយាយពីអតីតកាល ជាពិសេសអំពីភាពស្និទ្ធស្នាលរវាងអ្នក និងគេ ហើយរវាងគេ និងអតីតមិត្តស្រី ជារឿងផ្ដល់សម្ពាធផ្លូវចិត្ត។ ធ្វើដូចនេះអ្នកមិនអាចយកឈ្នះបេះដូងបុរសដែឡអ្នកស្រលាញ់ ហើយសំណួរប្រភេទនេះនឹងមិនធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរប្រសើរឡើង យកល្អគួរឲ្យគេជាអ្នកនិយាយប្រាប់ដោយខ្លួនឯង។
២. គ្មានភាពសប្បាយរីករាយ៖ពេលអ្នកកំពុងមានទំនាក់ទំនងជាមួយបុរសណាម្នាក់ អ្វីដែលត្រូវទទួលយកមុនគេបង្អស់នោះគឺអត្តចរិតរបស់គេ។ ប្រសិនបើមនុស្សដែលអ្នកស្រឡាញ់ ជាមនុស្សសុភាពរាបសា មិនសូវចេះនិយាយស្ដីទេ សូមកុំបង្ខំគេឲ្យនិយាយរឿងកំប្លែង ឬពោលពាក្យថាពេលនៅជាមួយគ្នាគ្មានភាពរីករាយសោះ។ សម្ដីបែបនេះនឹងធ្វើឲ្យភាគីម្ខាងទៀតមានការអាក់អន់ស្រពន់ចិត្តមិនខាន។
៣. កុំសួរថា “អូនស្អាតអត់?”៖នារីល្អ បើចង់ក្លាយខ្លួនជាមនុស្សមានតម្លៃក្នុងកែវភ្នែកគូស្នេហ៍ ដាច់ខាតមិនត្រូវសួរសំណួរបែបនេះទេ។ អ្វីដែលត្រូវធ្វើ គឺបង្កើនការច្នៃប្រឌិតសម្រាប់ខ្លួនឯង និងចេះវិធីថែរក្សាសម្ផស្សដោយមិនចាំបាច់តែងខ្លួនជាប្រចាំ។ ឃើញដូចនេះមិត្តប្រុសនឹងសរសើរអ្នកដោយមិនចាំបាច់សួរ។
៤. កុំសួរអំពីម៉ូដ៖ពេលអ្នកចង់ទិញសម្លៀកបំពាក់ថ្មីឲ្យគូស្នេហ៍ អ្នកមិនគួរអំពីម៉ូដដែលគេចូលចិត្តឡើយ ជាពិសេសមិនគួរសួរថា “បងចូលចិត្តសម្លៀកបំពាក់ប្រភេទណា?” ព្រោះសួរបែបនេះមានន័យថាអ្នកមិនបានចាប់អារម្មណ៍ចំពោះភាគីម្ខាងទៀត។ ប្រសិនបើអ្នកជាមនុស្សស្រលាញ់គ្នា ត្រូវសង្កេតពីស្ទីលស្លៀកពាក់របស់ដៃគូ។
៥. មិនគួរសួរពីការណាត់៖នៅពេលដែលមានការណាត់ជាមួយនឹងបុរសម្នាក់ដែលអ្នកស្រលាញ់ ហាមដាច់ខាតមិនគួរសួរអំពីការណាត់ជួបលើកក្រោយ បែបនោះបុរសនឹងគិតថាអ្នកចង់តោងគាត់ជាប់។ ទោះជាចង់ជួបយ៉ាងណាក៏មិនត្រូវបង្ហាញពីបំណងមួយនេះដែរ ត្រូវឲ្យគេអន្ទះសាចង់ជួបមុន ទើបអ្នកជាមនុស្សស្រីមានតម្លៃ៕