ដំណឹងអន្តរជាតិ៖ គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីបានផ្សព្វផ្សាយដោយដកស្រង់ពីការប្រកាសរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិសហរដ្ឋអាមេរិក (NNSA) ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើតេស្តសាកល្បងបំពាក់ និងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទើបធ្វើទំនើបកម្មថ្មីធុន B61-12 ចំនួន១គ្រាប់ជាមួយនឹងយន្តហោះចម្បាំងធុន F-16 នៅទីតាំងហ្វឹកហ្វឺនយោធាក្នុងរដ្ឋ Nevada ប្រកបដោយជោគជ័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការបំពាក់ និងការធ្វើតេស្តសាកល្បងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលទើបធ្វើទំនើបកម្មថ្មីធុន B61-12 ដោយយន្តហោះចម្បាំងធុន F-16 របស់សហរដ្ឋអាមេរិកនេះ គឺដើម្បីបង្ហាញអំពីសមត្ថភាពនៃយន្តហោះចម្បាំងធុន F-16 ក្នុងការប្រើប្រាស់អាវុធ ប្រព័ន្ធគ្រប់គ្រងការបាញ់-ទម្លាក់គ្រាប់បែក ប្រសិទ្ធភាពប្រព័ន្ធរ៉ាដា និងប្រព័ន្ធកុំព្យូទ័រត្រួតពិនិត្យអាវុធ។
គ្រាប់បែកនុយក្លេអ៊ែរធុន B61-12 ត្រូវបានធ្វើទំនើបកម្មចេញពីគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកធុន B61 ដោយកម្មវិធីធ្វើទំនើបកម្មនេះ ត្រូវបានឋិតក្នុងគម្រោងចំណាយរហូតដល់ទៅជាង៣០០ពាន់លានដុល្លារ ហើយបានធ្វើតេស្តសាកល្បងនូវប្រសិទ្ធភាពរបស់គ្រាប់បែកទទួលបានជោគជ័យកាលពីឆ្នាំ២០១៥កន្លងទៅ ។ ឥឡូវនេះ ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកពិសេសៗ គឺគ្រាប់បែកនុយក្លេអ៊ែរធុន B61-12 របស់សហរដ្ឋអាមេរិកអាចយកមកបំពាក់ និងវាយប្រហារបានដោយយន្តហោះចម្បាំងច្រើនប្រភេទ រួមមាន F-35, F-16 និង F-15 ។ល។
យន្តហោះចម្បាំងធុន F-16 របស់សហរដ្ឋអាមេរិក ត្រូវបានផលិត និងធ្វើទំនើបកម្មដោយក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Lockheed Martin ដែលអាចបំពាក់នូវអាវុធវាយលុក និងការទម្លាក់គ្រាប់បែកវ័យឆ្លាតជាមួយនឹងល្បឿនហោះហើរប្រមាណជាង២ពាន់គីឡូម៉ែត្រក្នុង១ម៉ោង ។ ក្រៅពីសហរដ្ឋអាមេរិក គឺយន្តហោះចម្បាំងប្រភេទនេះត្រូវបានប្រើប្រាស់ដោយបណ្តាប្រទេសចំនួនជាង២០ប្រទេសផ្សេងទៀត៕



