ដំណឹងអន្តរជាតិ៖ ក្រុមមេដឹកនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើឱ្យសហគមន៍អន្តរជាតិខឹងជាខ្លាំងកាលពីថ្ងៃពុធបន្ទាប់ពីពួកគេបានបាញ់មីស៊ីលឆ្លងទ្វីបចូលសមុទ្រជប៉ុន។
ការបាញ់នេះបានកើតឡើងស្របពេលកងទ័ពអាមេរិក ៨០០ នាក់ នាវាចម្បាំង និងឧបត្ថម្ភាគចក្រប្រឆាំងនុយក្លអ៊ែរនៅព័ទ្ធជុំវិញអាណាចក្រឯកោមួយនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក ដូណាល់ត្រាំ នៅថ្ងៃនេះបានទទួលស្គាល់ថាការទូតបានបរាជ័យ ហើយសង្គ្រាមជាមួយរដ្ឋកុម្មុយនីស្តមួយនេះគឺហាក់នឹងអាចកើតឡើង។
នៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកត្រាំបានប្រាប់មេដឹកនាំជប៉ុនគឺលោក ស៊ីនហ្សូអាបេ ថា រាល់ជម្រើសទាំងអស់ស្ថិតនៅលើតុនៅពេលប្រឈមមុខនឹងការគម្រាមរបស់កូរ៉េខាងជើង។
សកម្មភាពយោធាអាមេរិកប្រឆាំងកូរ៉េខាងជើងឥឡូវហាក់ក្លាយជាពិតខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបន្តការធ្វើសមយុទ្ធសង្គ្រាមដ៏ធំជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។
លោកប្រធានាធិបតីបាននិយាយថា សហរដ្ឋអាមេរិកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារខ្លួននិងជប៉ុនជាមួយ កម្លាំងយោធាពេញសមត្ថភាពទាំងអស់។
នៅក្នុងសេចក្ដីថ្លែងការណ៍អំពីកិច្ចសន្ទនារយៈពេល ៣៥ នាទីតាមទូរស័ព្ទ សេតវិមានអាមេរិកបាននិយាយថា "លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងនៅពេលប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរដែលកូរ៉េខាងជើងបន្តដុងបញ្ឆេះ"។
បន្ទាប់ពីការធ្វើតេស្តមីស៊ីល មេបញ្ជាការអាមេរិកគឺលោក Jack Keane បាននិយាយថា ការទម្លាក់គ្រាប់បែកលើកូរ៉េខាងជើងប្រហែលជាជម្រើសតែមួយគត់ដែលនៅសល់។
ការពិភាក្សាអំពីវិបត្តិរវាងសហរដ្ឋអាមេរិកនិងចិននឹងធ្វើឡើងនៅសប្ដាហ៍នេះបន្ទាប់ពីលោក ដូណាល់ត្រាំ បានសន្យថានឹងដោះស្រាយបញ្ហាកូរ៉េខាងជើង។
សម្ព័ន្ធមិត្តអាមេរិកគឺកូរ៉េខាងត្បូងបានរិះគន់រដ្ឋកូរ៉េកុម្មុយនីស្តជុំវិញការបាញ់មីស៊ីលកាលពីថ្ងៃពុធ ហើយមន្ត្រីរដ្ឋាភិបាលក្រុងសេអ៊ូលក៏បានព្រមានលោក គីមជុងអ៊ុន ថា ការបន្តបាញ់មីស៊ីលនឹងនាំឱ្យរបបរបស់លោករលាយដោយខ្លួនឯង៕
