ដំណឹងអន្តរជាតិ៖ លោក គីម ជុងអ៊ុន បានបង្ហាញនូវអង្គភាពកងកម្លាំងពិសេសដ៏គ្រោះថ្នាក់ ជាលើកដំបូងកាលពីសប្ដាហ៍មុន នៅក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
កងទ័ពដ៏គ្រោះថ្នាក់និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងខ្ពស់នេះ បានស្រែកពាក្យស្លោកស្នេហាជាតិ ស្របពេលពួកគេកាន់កាំភ្លើងបំពាក់ជាមួយគ្រាប់បែក ដើរតាមដងផ្លូវក្នុងរដ្ឋធានីព្យុងយ៉ាង អំឡុងការដង្ហែក្បួនព្យុហយាត្រាយោធាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ក្រុមទ័ពពិសេស ដែលគេនិយាយថា ជាទ័ពដែលត្រូវបានបំពាក់ជាមួយអាវុធដ៏ពិសេសបំផុតក្នុងជួរកងទ័ពកូរ៉េខាងជើង មានវ៉ែនតាមើលពេលយប់ជាប់មួករបស់ពួកគេ និងកាំភ្លើងខ្លីជាប់នឹងទ្រូង។
ការបង្ហាញនូវកងទ័ពពិសេសនេះនៅទិវាព្រះអាទិត្យបានកើតឡើងចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថានឹងវាយប្រហារមុនប្រសិនបើលោកគីមលេងបាញ់សាកល្បងនុយក្លេអ៊ែរនោះ។
អ្នកវិភាគនៅទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា អង្គភាពកងកម្លាំងពិសេសរបស់កូរ៉េខាងគឺនៅប្រចាំការដើម្បីការពារប្រទេសពីកងទ័ពដ៏ទំនើបរបស់អាមេរិក ដែលកំពុងហ្វឹកហាត់ត្រៀមចាត់ការលោក គីម ជុងអ៊ុន ពីអំណាច ប្រសិនបើសង្គ្រាមផ្ទុះឡើងនោះ។
វេបសាយ CNN បានរាយការណ៍ថា របាយការណ៍ពីមន្ទីរបញ្ចកោណបានបង្ហាញថា កងទ័ពទាំងនេះស្ថិតក្នុងចំណោមទ័ពទទួលការបណ្ដោះបណ្ដាលយ៉ាងហ្មត់ចត់បំផុត មានការបំពាក់សព្វាវុធបានយ៉ាងល្អឥតខ្ចោះ ទទួលការចិញ្ចឹមបានយ៉ាងល្អ និងមានការជំរុញទឹកចិត្តយ៉ាងសម្បើមក្នុងជួរយោធាកូរ៉េខាងជើង។
របាយការណ៍និយាយថា កងកម្លាំងដ៏សម្ងាត់ ដែលគេនិយាយថាបានធ្វើបេសកកម្មសម្ងាត់នៅកូរ៉េខាងត្បូង ហាក់បង្ហាញឱ្យឃើញថា ពួកគេត្រូវបានបង្កើតឡើងសម្រាប់ប្រតិបត្តិកាវាយលុកលឿនៗ និងការពារពីការវាយប្រហារពីបរទេស។
របាយការណ៍បន្តថា កងកម្លាំងពិសេសនេះធ្វើប្រតិបត្តិការនៅតាមអង្គភាពជំនាញ រួមមានក្រុមឈ្លបយកការណ៍ ក្រុមបង្កប់ខ្លួននៅតាមជើងអាកាស និង ជើងសមុទ្រ ក្រុមកុម្ម៉ង់ដូ និង ក្រុមជំនាញជាច្រើនទៀត៕

