ដំណឹងអន្តរជាតិ៖ នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានប្ដេជ្ញាចេញសកម្មភាពយោធាប្រឆាំងនឹងសហរដ្ឋអាមេរិក ដូចដែលទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងបំពាក់នុយក្លេអ៊ែរខិតទៅជិតឧបទ្វីបកូរ៉េ ជាអ្វីដែលប្រទេសកូរ៉េខាងជើង បានហៅថា ជាការលុកលុយលើទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េ យុនហាប់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
ការព្រមានរបស់របបផ្ដាច់ការកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីមហាអំណាចពិភពលោកសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរ ជាថ្មីម្ដងទៀតទៅកាន់ដែនសមុទ្របែងចែកព្រំដែនទឹកឧបទ្វីបកូរ៉េ ស្របពេលដែលមានសញ្ញាពីការ បង្កហេតុពីប្រទេសផ្ដាច់ការមួយនេះ សកម្មភាពរបស់អាមេរិក នៅពេលនេះត្រូវបានគេយល់ឃើញថា ជាការគំរាមប្រដាប់អាវុធកាន់តែខ្លាំងឡើងហើយ ស្របពេលដែលកូរ៉េខាងជើង នៅតែមិនបន្ថយជម្លោះសោះ។
បើតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានធ្វើការព្រមានថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការតឹងរ៉ឹងបំផុតចំពោះកិច្ចការពារជាតិរបស់ខ្លួន ជាមួយនឹងអាវុធទំនើបដ៏មានអនុភាព ប្រឆាំងនឹងការបង្កហេតុ ពីទីក្រុងវ៉ាស៊ីនតោន ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែក្ដៅឡើងដោយសារតែប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា ទំនងជាធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦របស់ខ្លួន ឫមីស៊ីលផ្លោងឆ្លងទ្វីប នៅក្នុងអំឡុងខែមេសានេះ៕
