ជួបជាមួយ "ឪគ្រាប់បែក" ទាំងអស់គ្នា! គ្រាប់បែកនេះត្រូវបានផលិតឡើងក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០០៧ ហើយរុស្ស៊ីអះអាងថា វាជាគ្រាប់បែកមិនមែននុយក្លេអ៊ែរ ខ្លាំងជាងគេបំផុតលើលោក ដូច្នេះពួកគេបានឱ្យរហស្សនាមវាថា "ឪគ្រាប់បែក"។
CNN មិនអាចបញ្ជាក់ដោយឯករាជ្យ នូវអ្វីដែលវីដេអូមួយនេះបង្ហាញថា វាជាគ្រាប់បែកខ្លាំងជាង "ម៉ែគ្រាប់បែក" ដល់ទៅ ៤ ដង នោះទេ។
ក្រុមអ្នកវិភាគយោធាអាមេរិកនិយាយថា រុស្ស៊ីអាចនិយាយត្រូវ ប្រសិនបើទិន្នន័យដែលពួកគេមាន គឺសុក្រឹតមែននោះ។
ម៉ែគ្រាប់បែក ឬ MOAB (Mother of all bombs) គឺជាគ្រាប់បែកមិនមែននុយក្លេអ៊ែរខ្លាំងបំផុត ដែលអាមេរិកមាននៅក្នុងឃ្លាំងគ្រាប់របស់ខ្លួន។ គ្រាប់នេះត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីថ្ងៃទី១៣ មេសា ២០១៧ ដើម្បីកម្ទេចរូងក្រោមដីរបស់ពួក ISIS ក្នុង ប្រទេសអាហ្វហ្គានីស្ថាន។
រុស្ស៊ីនិយាយថា ឪគ្រាប់បែក ឬ FOAB (Father of all bombs) ខ្លាំងជាង MOAB (Mother of all bombs) ដល់ទៅ ៤ ដងឯណោះ។ ជាមួយរលកឥទ្ធិពលគ្រាប់ឡើងលើមេឃកម្ពស់ ៣០០ ម៉ែត្រ ឥទ្ធិពលវាគឺខ្លាំងជាង MOAB ពីរដង។
អ្នកជំនាញយោធានិយាយថា គ្រាប់របស់រុស្ស៊ីអាចបង្កវិនាសកម្មមិនអាចគណនាបាន។ ទោះយ៉ាងណា ឪគ្រាប់បែកមិនដែលបានប្រើប្រាស់ក្នុងសមរភូមិម្តងណាឡើយ៕
