ដំណឹងអន្តរជាតិ៖ រុស្ស៊ីបានបង្ហាញមូលដ្ឋានទ័ពអាកាសតំបន់អាកទិកថ្មីសន្លាងរបស់ខ្លួន ដែលមានសមត្ថភាពដាក់ទ័ពចំនួន ១៥០ នាក់ និង យន្តហោះចម្បាំងនុយក្លេអ៊ែរជាច្រើនគ្រឿង។ នេះបើតាមប្រភព Daily Mail កាលពីថ្ងៃអង្គារទី១៨ មេសា។
មូលដ្ឋានទ័ពរាងត្រីកោណ លាបពណ៌ក្រហម ស និងខៀវនៃពណ៌ទង់ជាតិរុស្ស៊ីនេះ ត្រូវបានសាងសង់ឡើងនៅតំបន់ដាច់ស្រយាលឈ្មោះ Alexandra Land នៅលើប្រជុំកោះ Franz Josef។
ខណៈផ្នែកជាច្រើននៃមូលដ្ឋានទ័ពនេះនៅមានលក្ខណៈអាថ៍កំបាំងខ្លាំងនៅឡើយ មេៗយោធារុស្ស៊ីក៏បានបង្ហាញឱ្យឃើញផ្នែកខាងក្នុងនៃអគារមួយផងដែរ។
មូលដ្ឋានទ័ពនេះសង់ឡើងគឺសម្រាប់ជាផ្នែកមួយនៃការជំរុញផ្នែកយោធានៅតំបន់អាកទិកដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការដួលរលំសហភាពសូវៀត ហើយវាសង់ឡើងចំពេលមូស្គូកំពុងធ្វើចំណាត់ការអះអាងសិទ្ធិកាន់កាប់តំបន់សម្បូរធនធានប្រេងនិងឧស្ម័នដ៏មហាសាលនេះ ដែលគេជឿថា មានតម្លៃដល់ទៅ ២៣ លានលានដុល្លារឯណោះ៕


