អន្តរជាតិ៖ កងកម្លាំងរុស្ស៊ី និងអ៊ីរ៉ង់ បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ កាលពីយប់ទី៨ មេសា ថា នឹងសងសឹកតាមផ្លូវយោធា ប្រសិនបើអាមេរិកវាយប្រហារលើប្រទេសស៊ីរីបន្ថែមទៀត។
ការព្រមានបង្កើតសង្គ្រាមនេះ ក្រោយរុស្ស៊ី និងអ៊ីរ៉ង់បានមើលឃើញថាការវាយប្រហាររបស់អាមេរិកបានឆ្លងចូលបន្ទាត់ក្រហម ពេលប្រើមីស៊ីលបាញ់ពីចម្ងាយទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរី។
សេចក្ដីថ្លែងការណ៍រួមរបស់មេបញ្ជាការយោធាប្រទេសទាំងពីរបញ្ជាក់ថា "ចាប់ពីពេលនេះតទៅយើងនឹងឆ្លើយតប ដោយកងកម្លាំងយោធា ចំពោះការឈ្លានពានចូលបន្ទាត់ក្រហម អាមេរិកបានដឹងសមត្ថភាពរបស់ពួកយើង ក្នុងឆ្លើយតបយ៉ាងល្អរួចមកហើយ។"
ចំណែកស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៏ ក៏បានស្នើនៅយប់ជាមួយគ្នាថា វានឹងកើតមានសង្គ្រាមពិតប្រាកដ ប្រសិនបើក្រុងមូស្គូបានដាក់ឱសានវាទលើប្រទេសស៊ីរីបែបនេះ។ ឯអាមេរិកអះអាងថាខ្លួននឹងវាយស៊ីរីម្ដងទៀតបើចាំបាច់។
គួររម្លឹកថា ការបញ្ជាឲ្យបាញ់មីស៊ីល ៥៩គ្រាប់ របស់ដូណាល់ត្រាំ ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី បានត្រឹមតែធ្វើឲ្យខូចខាតជម្រកយន្តហោះចម្បាំងប៉ុណ្ណោះ ព្រោះពេលនោះយន្តហោះបានចេញពីមូលដ្ឋានទៅវាយក្រុមឧទ្ទាមស្ទើរទាំងអស់បាត់ទៅហើយ៕
![]() |
| ប្រធានាធិបតីស៊ីរី លោកអាសាដ (ឆ្វេង), ប្រធានាធិបតីរុស្ស៊ីលោកពូទីន (ស្ដាំ) |
