ដំណឹងអន្តរជាតិ៖ យោងតាមលោកស្រី Martina Aberg ដែលជាប្រធានរងបេសកកម្មនៅស្ថានទូតស៊ុយអែត ប្រចាំប្រទេសកូរ៉េខាងជើងបានឱ្យដឹងថា ជនជាតិអាមេរិកមួយរូបត្រូវបានឃុំខ្លួននៅប្រទេសកូរ៉េខាងជើង។
លោកស្រីបានមានប្រសាសន៍ថា “យើងត្រូវបានជូនដំណឹងហើយអាចបញ្ជាក់បានថា មានការឃុំខ្លួនជនជាតិអាមេរិកកាលពីព្រឹកថ្ងៃសៅរ៍។ គាត់ត្រូវបានបញ្ចៀសពីការឡើងយន្តហោះចេញពីក្រុងព្យុងយ៉ាង។ យើងសូមមិនធ្វើអត្ថាធិប្បាយលើសពីនេះ”។
យោងតាមអធិការបតីសាកលវិទ្យាល័យ Pyongyang University of Science and Technology លោក Park Chan-mo បានឱ្យដឹងថា លោក Tony Kim ដែលមានឈ្មោះកូរ៉េ Kim Sang-duk ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍។
លោក Park បាននិយាយថាលោក Kim ដែលមានវ័យ ៥០ឆ្នាំ បានបង្រៀនផ្នែកគណនីនៅសាកលវិទ្យាល័យខាងលើប្រហែលបានមួយខែ។ គាត់បាននិយាយថា Kim ត្រូវបានឃុំខ្លួនដោយអាជ្ញាធរដោយសារគាត់ព្យាយាមចាកចេញពីប្រទេសតាមព្រលានយន្តហោះអន្តរជាតិព្យុងយ៉ាង។
ស្ថានទូតស៊ុយអែតប្រចាំក្រុងព្យុងយ៉ាងបាននិយាយថា ពួកគេបានដឹងថា ជនជាតិកូរ៉េកាត់អាមេរិកត្រូវបានឃុំខ្លួននាពេលថ្មីៗនេះ ប៉ុន្តែមិនអាចអត្ថាធិប្បាយលើសពីនេះឡើយ។
ស្ថានទូតស៊ុយអែតទទួលបន្ទុកកិច្ចការកុងសុលឱ្យសហរដ្ឋអាមេរិកនៅកូរ៉េខាងជើងដោយសារប្រទេសអាមេរិកនិងកូរ៉េខាងជើងមិនមានទំនាក់ទំនងអន្តរជាតិឡើយ៕
