ដំណឹងអន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញថា ការធ្វើតេស្តនេះដែលជួនពេលគ្នាជាមួយ ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD លឿនជាងការគ្រោងទុក និងការមកដល់នៃក្រុមរបស់នាវា ដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson នៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េផងដែរនោះ បានបង្ហាញឲ្យពិភពលោកឃើញយ៉ាងជាក់ច្បាស់សាជាថ្មីម្តងទៀតថា តើភាគីមួយណាឲ្យប្រាកដ ដែលជាអ្នកធ្វើឲ្យស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េធ្លាក់ចុះដុនដាបបែបនេះ។
ដោយឡែកនៅព្រឹកព្រលប់ថ្ងៃសៅរ៍នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យ នេះបើយោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ ចេញផ្សាយមុននេះបន្តិចនាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ការបាញ់សាកល្បង ធ្វើឲ្យមីស៊ីល Ballistic ត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញ២-៣នាទីក្រោយមក, នៅតំបន់ក្បែរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ នេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទទួលបរាជ័យ។
![]() |
| មីស៊ីលផ្លោងអន្តរទ្វីប (ឆ្លងទ្វីប) Minuteman III របស់អាមេរិច |
តែប្រទេសកូរ៉េខាងជើង បានធ្វើការថ្កោលទោសចំពោះ ការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប Minuteman III នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងបានចាត់ទុកថា ជាការត្រៀមវាយប្រហារមួយមកលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
នាថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក បានបាញ់ធ្វើតេស្តប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ឆ្លងទ្វីប) Minuteman III ដែលមានបំពាក់នូវក្បាលគ្រាប់នុយក្លេអ៊ែរ តែមិនផ្ទុកជាតិផ្ទុះមួយគ្រាប់ផងដែរ ដោយជោគជ័យ ខណៈក្បាលគ្រាប់នោះហោះទៅកាន់គោលដៅបានចម្ងាយដល់ទៅជិត៧,០០០គីឡូម៉ែត្រ។
មីស៊ីលផ្លោងខាងលើនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Air Force ស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ា ខណៈអ្នកនាំពាក្យទីបញ្ជាការទ័ពជើងអាកាសអាមេរិក បានអះអាងនៅមុនការធ្វើតេស្តថា វាពុំមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងភាពតឹងតែង ដែលកំពុងកើនឡើងនៅតំបន់ឧបទ្វីបកូរ៉េនោះឡើយ ដោយហេតុតែការធ្វើតេស្តនេះ ត្រូវបានគ្រោងរៀបចំតាំងពីមួយឆ្នាំមុនមកម្ល៉េះ។
ខណៈពេលនោះដែរមេទ័ពអាមេរិកម្នាក់បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់បង្ហោះមីស៊ីលប្រភេទ Minuteman ទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបញ្ជាក់អះអាងអំពីស្ថានភាពនៃកម្លាំងអាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែងអំពីសមត្ថភាពក៏ដូចជា អានុភាពនៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយវាក៏ជាសញ្ញាមួយប្រាប់ទៅដល់សត្រូវរបស់យើងនានាផងដែរ»។
គួរបញ្ជាក់ថាជុំវិញរឿងនេះអ្នកជំនាញផ្នែកយោធាម្នាក់របស់ប្រទេសរុស្ស៊ី បានបញ្ចេញមតិយោបល់ថា ការធ្វើតេស្តបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ពិតជាមើលទៅប្រៀបដូចជាសកម្មភាពតំឡើងសាច់ដុំរបស់សហរដ្ឋអាមេរិកសុទ្ធសាធ នៅចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងជាមួយកូរ៉េខាងជើង ដោយសម្អាងលើហេតុផលថាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តពង្រាយវត្តមាននៃកម្លាំងយោធារបស់ខ្លួន នៅជុំវិញកូរ៉េខាងជើង៕
![]() |
| មីស៊ីល Ballistic ដែលកូរ៉េខាងជើង បាញ់បរាជ័យ |

