ដំណឹងអន្តរជាតិ៖ ប្រធានាធិបតីចិន ស៊ី ជីនភីង បានណែនាំឲ្យកងទ័ពប្រជាជនចិនទាំងអស់ តាមដានការប្រែប្រួលស្ថានការណ៍ពិភពលោកឲ្យបានដិតដល់ និងត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលទាំងអស់។ មេដឹកនាំលំដាប់ទី១ រូបនេះ ក៏ស្នើឲ្យកងទ័ពទាំងអស់ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីយកជ័យជម្នះលើសមរភូមិ។ ប្រធានាធិបតីចិននិយាយដូចនេះ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េដែលមានរបងជាប់ព្រំដែនជាមួយចិន កំពុងតានតឹងខ្លាំង។
ស្របពេលស្ថានការណ៍នៅតំបន់កំពុងរង្គោះរង្គើខ្លាំងដែលអាចធ្លាក់ចូលសង្គ្រាម មេដឹកនាំចិនលោក ស៊ី ជីនភីង បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើតកងទ័ពមួយ ដែលត្រៀមលក្ខណៈប្រយុទ្ធជានិច្ច។ លោក ស៊ី ជីនភីង ក៏ស្នើឲ្យកងទ័ពទាំងអស់ពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន និងបន្តគោលការណ៍កំណែទម្រង់កងទ័ពដែលលោករដ្ឋាភិបាលបានដាក់ចេញឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីយកឈ្នះគ្រប់ពេលទាំងអស់។
លោក ស៊ី ជីនភីង ដែលជាលេខាបក្សកុម្មុយនីស្តចិនផងនោះ បានលើកឡើងរបៀបនេះនៅថ្ងៃទី២២ ខែមេសា អំឡុងពេលទស្សនកិច្ចត្រួតពិនិត្យនៅទីបញ្ជាការកងទ័ពភូមិភាគខាងត្បូងមានទីតាំងក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងចិន។ ឆ្លៀតពេលនោះ លោក ស៊ី បានទទូចឲ្យកងទ័ពទាំងអស់ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ដើម្បីយកឈ្នះក្នុងពេលប្រយុទ្ធ និងធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀត។
បើតាមសារព័ត៌មានចិន CGTN លោក ស៊ី ជាកាន់តំណែងជាប្រធានគណៈកម្មាការយោធាមជ្ឈិមដ៏មានអំណាច ក៏ស្នើឲ្យកងទ័ពរំដោះប្រជាជនចិន បន្តអនុវត្តការកែទម្រង់បន្តទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពប្រយុទ្ធ និងពង្រឹងប្រសិទ្ធភាពប្រយុទ្ធឲ្យបានខ្លាំងក្លា។ លោក ក៏មិនភ្លេចណែនាំឲ្យកងទ័ព អនុវត្តផែនការសមាហរណកម្មយោធា និងស៊ីវិល សំដៅជំរុញការអភិវឌ្ឍវិស័យការពារជាតិ និងសេដ្ឋកិច្ចប្រទេសផង។
កងទ័ពរំដោះប្រជាជនចិន ដែលជាកងទ័ពដ៏ធំមួយលើពិភពលោក បានធ្វើកំណែទម្រង់យ៉ាងច្រើន ក្រោយការចូលកាន់អំណាចរបស់ជាប្រធានាធិបតីរបស់លោក ស៊ី ជីនភីង មក។ លោក ស៊ី ដែលជាសព្វថ្ងៃជាបុគ្គលមានឥទ្ធិពលធំជាងគេ បានប្រកាសកែប្រែរចនាសម្ព័ន្ធកងទ័ពជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីឆ្នាំមុន លោក បានបន្ថយភូមិភាគកងទ័ពប្រជាជនចិនពី៧ភូមិភាគ មកត្រឹម៥ភូមិភាគ និងបានបង្កើតអង្គភាពទ័ពថ្មីជាច្រើនទៀត។
ស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ និងការប្រឈមមុខនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាកត្តាដែលធ្វើឲ្យចិនខិតខំបង្កើនឥទ្ធិពលកងទ័ពរបស់ខ្លួន។ កងទ័ពទាំង៤អង្គភាពចំណុះកងទ័ពរំដោះប្រជាជនចិន សុទ្ធតែទទួលបានការផ្លាស់ប្ដូរ និងទទួលបានការបំពាក់អាវុធទំនើបៗ។ នាពេលចុងក្រោយ ប៉េកាំង ក៏ប្រឹងពង្រឹងអានុភាពយោធាជើងទឹករបស់ខ្លួន តារយៈការដាក់ឲ្យប្រើប្រាស់នាវាដឹកយន្តហោះទី១ និងកំពុងផលិតនាវាដឹកយន្តហោះទី២ បន្តទៀត៕

