ដំណឹងអន្តរជាតិ៖ មន្ទីរបញ្ចកោណនឹងចាប់ផ្តើមធ្វើតេស្តអាវុធប្រឆាំងមីស៊ីល ដើម្បីធានាថា អាវុធទាំងនោះអាចការពារប្រឆាំងនឹងអាវុធរបស់កូរ៉េខាងជើងបាន។ នេះបើតាមប្រភពដេលីមែលកាលពីថ្ងៃទី ១៩ មេសា។
អាមេរិកនឹងធ្វើតេស្តធំៗចំនួនពីរនៅខែឧសភាខាងមុខ នៅសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់យោធាខ្លួន ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ឬ អ៊ីរ៉ង់។
ការធ្វើតេស្តមួយដាច់ដោយឡែកទៀត នឹងកំណត់ថាតើអាមេរិកអាចបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបកូរ៉េខាងជើងនាពេលអនាគតបានឬក៏អត់។
ការធ្វើតេស្តនោះគឺពាក់ព័ន្ធនឹងមីស៊ីលស្កាត់បាញ់ចេញពីដីមានរយៈចម្ងាយឆ្ងាយ ដែលមានមូលដ្ឋាននៅរដ្ឋអាឡាស្កា និង កាលីហ្វ័រញ៉ា។
ដំណឹងអំពីការធ្វើតេស្តនេះកើតឡើង ចំពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ១០ ទៅ ២៥ គ្រាប់។
ក្រសួងការពារជាតិអាមេរិកបានប្រាប់ CNN ថា កម្មវិធីធ្វើតេស្តនេះបានចាប់ផ្តើមតាំងពីជាងមួយទសវត្សរ៍មុនមកម្ល៉េះ ប៉ុន្តែការធ្វើតេស្តតែពាក់កណ្តាលប៉ុណ្ណោះទទួលបានជោគជ័យ៕
