ដំណឹងអន្តរជាតិ៖ សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន News Now បានឱ្យដឹងថា អាមេរិកបានដាក់ពង្រាយកាំជ្រួច និងកាំជ្រួចវាយប្រហារលើកាំជ្រួច បានចប់សព្វគ្រប់អស់ហើយ នៅតាមព្រំដែននិងតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូង ដើម្បីបាញ់ប្រហារទៅលើកាំជ្រួចរបស់កូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាងសម្រេចសាកល្បងបាញ់កាំជ្រួចប្រល័យលោក ដែលពិភពលោកថ្កោលទោសយ៉ាងខ្លាំងនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មេបញ្ជាកងទ័ពអាមេរិក និងមេបញ្ជាកងទ័ពកូរ៉េខាងត្បូង បានជួបប្រជុំគ្នាជាថ្មីទៀតនៅថ្ងៃនេះ ដោយសម្រេចថា ត្រូវការពារខ្លួនទប់ទល់នឹងការឈ្លានពានពីសំណាក់កូរ៉េខាងជើង។
កាលពីថ្ងៃម្សិលមិញ កូរ៉េខាងជើងបានធ្វើសមយុទ្ធកាំភ្លើងធំនៅទូទាំងប្រទេស ដោយពង្រាយកាំភ្លើងធំ និងបាញ់ទម្លាក់នៅមាត់សមុទ្ររបស់ខ្លួន ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលអាមេរិកបានបញ្ចូននាវាចម្បាំងផ្ទុកដោយយន្ដហោះ ៦០គ្រឿង និងកាំជ្រួច ៣០០ដើម ព្រមទាំងនាវាមុជទឹកមកដល់ឧបទ្វីបកូរ៉េដែលនោះ។ អ្នកវិភាគគិតថា សង្គ្រាមឧបទ្វីបកូរ៉េអាចនឹងចាប់ផ្ដើមឆាប់ៗនេះហើយ៕
