ដំណឹងអន្តរជាតិ៖ នាវាផ្ទុកយន្តហោះបារាំង មួយគ្រឿងឈ្មោះ Mistral បានទៅដល់កំពង់ផែកោះ សាសេបូ (Sasebo) របស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដើម្បីដឹកនាំសមយុទ្ធយោធាដែលមានកងទ័ព បារាំង អង់គ្លេស អាមេរិក និងជប៉ុន បន្តរហូតដល់ថ្ងៃទី៥ ខែឧសភា។
នាវាផ្ទុកយន្តហោះ Mistral មានសមត្ថភាពអាចផ្ទុកឧទ្ធម្ភាគចក្រ ៣៥គ្រឿង មាននាវាសណ្ដោង ៤គ្រឿង ព្រមទាំងទាហានរាប់រយនាក់ ហើយអាចវាយប្រហារគោលដៅទាំងក្នុងទឹក និងលើគោក។ សមយុទ្ធយោធារបស់កងទ័ពនៃប្រទេសទាំង ៤ ធ្វើឡើងស្របពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ស្ថិតក្នុងតំណាក់កាលមួយអាក្រក់បំផុត មិនធ្លាប់មានតាំងពីការបញ្ចប់ទៅនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥៣ ដោយសារការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររហូតដល់ ៥លើក របស់ កូរ៉េខាងជើង និងការសាកល្បងមីស៊ីលទំនើបជាច្រើនលើកទៀត។
ក្រៅពីបញ្ហាឧបទ្វីបកូរ៉េ មហាអំណាចបស្ចិមប្រទេសក៏មានបំណងពង្រឹងអំណាចយោធារបស់ខ្លួនផងដែរ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីប្រទេសចិន បង្កើនអំណាចយោធាយ៉ាងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការសាងសង់កោះសិប្បនិម្មិត និងបង្កើតប៉មត្រួតពិនិត្យនៅលើប្រជុំកោះដែលមានទំនាស់៕

