ដំណឹងអន្តរជាតិ៖ កងទ័ពទាំងនេះជាមោទនភាពរបស់មេដឹកនាំផ្ដាច់ការរបស់ពួកគេ ហើយបុរសនិងនារីដែលលោក គីមជុងអ៊ុន នឹងពឹងផ្អែកលើទាំងអស់នេះ នឹងស្ម័គ្រចិត្តស្លាប់ ប្រសិនបើលោកដូណាល់ត្រាំសម្រេចបើកការវាយប្រហារលើប្រទេសកូរ៉េខាងជើង។
ប៉ុន្តែការគំរាមធ្វើសង្គ្រាមមិនបានបញ្ឈប់កងទ័ពកូរ៉េខាងជើងពីការដើរលេងកម្សាន្តឡើយ ដូចដែលរូបភាពទាំងនេះបានបង្ហាញស្រាប់។ នេះបើតាមប្រភព Daily Mail ទម្លាយកាលពីថ្ងៃពុធទី ១២ មេសា។
កងទ័ពស្ថិតក្នុងឈុតឯកសណ្ឋានត្រូវគេឃើញសើចសប្បាយ ដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងថែមទាំងចូលរួមទស្សនាសត្វដូហ្វីននៅឧទ្យានក្រុងព្យុងយ៉ាងទៀតផង។
ទោះយ៉ាងណា ជីវិតកងទ័ពទាំងនេះមិនមែនសប្បាយរហូតនោះទេ ខណៈរូបភាពដទៃទៀតបង្ហាញពីពួកគេធ្វើសមយុទ្ធយោធាឬក៏ធ្វើហត្ថកម្មដ៏លំបាកដោយអូសឈើដ៏ធំ។
យោងតាមជាងថតរូបគឺលោក Eric Lafforgue បានឱ្យដឹងថា កងទ័ពកូរ៉េខាងជើងហ្វឹកហាត់ជាច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាម។
សមរភូមិសង្គ្រាមឧបទ្វីបកូរ៉េប្រហែលជាផ្ទុះឡើងក្នុងពេលឆាប់ៗនេះ ស្របពេលលោកប្រធានាធិបតីអាមេរិកបានបញ្ជូនកងនាវាចម្បាំងទៅសមុទ្រចិនខាងកើតកាលពីសប្ដាហ៍មុន ដោយគំរាមថា អាមេរិកនឹងចាត់ការកូរ៉េខាងជើងម្នាក់ឯង ប្រសិនបើចិនមិនដាក់សម្ពាធលើរបបរបស់លោក គីមជុងអ៊ុន៕



