ដំណឹងអន្តរជាតិ៖ ព័ត៌មានរឿងសព្វាវុធបានផ្ទុះឡើងជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដគ្រាប់បែកអីដ្រូហ្សែនដោយជោគជ័យកាលពីពេលថ្មីៗនេះ។ នេះជាការបោះជំហានថ្មីមួយទៀតរបស់កូរ៉េខាងជើង ខាងបច្ចេកវិទ្យាសព្វាវុធ ខណៈនុយក្លេអ៊ែរក៏កំពុងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀត។
តាមពិតទៅ មិនមែនមានតែកូរ៉េខាងជើងឯណា ប្រទេសចំនួន ៩ដែលមានសព្វាវុធប្រល័យលោកនេះ។ បើសរុបទៅ ពិភពលោកមានអាវុធនុយក្លេអ៊ែរប្រមាណ ១៥ ៧៤១គ្រាប់គិតត្រឹមខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។
ប្រទេសបួនធំៗដែលបានដាក់ពង្រាយច្រើនជាងគេ គឺ៖
- សហរដ្ឋអាមេរិក មាន ២០១៨គ្រាប់
- រុស្ស៊ី មាន ២៤៥៨គ្រាប់
- បារាំង មាន ២៩០គ្រាប់
- អង់គ្លេស មាន ១៥០គ្រាប់
បើសរុបគ្រាប់ទាំងអស់វិញ សហរដ្ឋអាមេរិកមាន ៧០៣៨គ្រាប់ រុស្ស៊ី ៧៦៥៨គ្រាប់ បារាំង ៣០០គ្រាប់ អង់គ្លេស ២១៥គ្រាប់ ចិន ២០៥គ្រាប់ ប៉ាគីស្ថាន ១៣០គ្រាប់ ឥណ្ឌា ១១០គ្រាប់ អ៊ីស្រាអែល ៨០គ្រាប់ និងកូរ៉េខាងជើងមានតិចជាង ២០គ្រាប់។
សូមបញ្ជាក់ថា អាវុធនុយក្លេអ៊ែរត្រូវបានផលិតឡើងនៅឆ្នាំ១៩៤៥ដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៩៤៩ទើបសហភាពសូវៀតផលិតបាន បន្ទាប់មកអង់គ្លេសនៅឆ្នាំ១៩៥២ បារាំងនៅឆ្នាំ១៩៦០ ចិននៅឆ្នាំ១៩៦៤ ឥណ្ឌានៅឆ្នាំ១៩៧៤ ប៉ាគីស្ថាននៅឆ្នាំ១៩៩៨ និងកូរ៉េខាងជើងនៅឆ្នាំ ២០០៦ ខណៈអ៊ីស្រាអែលមិនត្រូវបានប្រភពអះអាងនោះទេ៕
