ដំណឹងអន្តរជាតិ៖ កាលពីថ្ងៃពុធ ទី២៦ មេសា កូរ៉េខាងជើងបានបញ្ចេញរូបភាពគួរឱ្យបារម្ភជាច្រើនសន្លឹក អំពីការធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅសប្តាហ៍នេះ ដែលចង់អួតអំពីអំណាចសព្វាវុធរបស់រដ្ឋឯកោមួយនេះ។
ក្នុងការឆ្លើយតបផ្គើនទៅវិញ កូរ៉េខាងត្បូងបានប្រកាសថា ផ្នែកដ៏សំខាន់នៃប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អាមេរិក បានដំឡើងរួចរាល់ហើយ ដើម្បីការពារខ្លួនពីការបង្ករឿងណាមួយពីកូរ៉េខាងជើង។
ព្យុងយ៉ាងបានរៀបចំការបង្ហាញសាច់ដុំទ័ពធំបំផុតមិនធ្លាប់មានពីមុនមក នៅក្បែរទីក្រុងមាត់សមុទ្រ Wonsan ភាគខាងកើត កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបទី ៨៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ។ នេះបើតាមប្រភពទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
ការបង្ហាញនោះរួមមានកាំភ្លើងធំ ៣០០ ដើម តម្រៀបជួរគ្នានៅមាត់ឆ្នេរ និងបាញ់ចេញព្រមគ្នាតែម្តង។
សមយុទ្ធនោះរៀបចំឡើងដើម្បីវាយលុកប្រឌិតមួយទៅលើនាវាចម្បាំងសត្រូវ និង ក៏មានការចូលរួមពីនាវាមុជទឹកជាច្រើនគ្រឿង កំពុងបាញ់គ្រាប់មីស៊ីលថូផេដូ និង យន្តហោះហោះកម្ពស់ទាបជាច្រើនគ្រឿង កំពុងទម្លាក់គ្រាប់បែកផងដែរ។
KCNA ដែលទទួលបន្ទុកផ្សព្វផ្សាយការឃោសនារបស់ព្យុងយ៉ាង និយាយថា គីម ជុងអ៊ុន សប្បាយចិត្តជាពន់ពេកចំពោះការបង្ហាញសាច់ដុំទ័ពលើកនេះ។
ទីភ្នាក់ងារសារព័ត៌មាននេះបានសរសេរថា "ដោយគយគន់ទេសភាពគួរឱ្យរំភើប គាត់ (គីម ជុងអ៊ុន) បានកោតសរសើរហ្វូងនាវាមុជទឹក និង ពីឡុតយន្តហោះ ចំពោះការបាញ់ចំគោលដៅគ្រប់ពេល"។
កូរ៉េខាងត្បូងបានធ្វើការឆ្លើយតបចំពោះការបង្អួតកម្លាំងទ័ពនេះដោយបង្កើនវោហាស័ព្ទរបស់ខ្លួនអំពីភាពជឿនលឿនក្នុងការដំឡើងប្រព័ន្ធការពារប្រឆាំងមីស៊ីល THAAD ដែលដំឡើងសម្រាប់បាញ់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង និងក៏កំពុងធ្វើសមយុទ្ធសម្បើមដៃមិនចាញ់ទ័ពគីមជុងអ៊ុនដែរ៕


